
គីរី ម៉ូសិន
សហគមន៍សិល្បៈរបស់អ្នក!
ស្មារតីជាតិ [ NATIONAL SPIRIT ]
« ចង្កឹះមួយបាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន » នេះជាពេលដែលយើងត្រូវពង្រឹងស្មារតីជាតិ ។
ជាតិយើង រុងរឿងទៅបានលុះត្រាតែយើងចេះសាមគ្គីគ្នា។
សាមគ្គីខ្មែររស់បែកបាក់សាមគ្គីខ្មែរស្លាប់ ឲ្យតែយើងរួមគ្នាគ្មានជាតិសាសន៍ណាអាចមើលងាយយើងបានទេ ។
បទ ស្មារតីជាតិ នេះ ជាស្នាដៃបង្កើតឡើងក្នុងកាលៈទេសៈដែលមាតុភូមិកម្ពុជាកំពុងហែលឆ្លងទុក្ខលំបាកពីការឈ្លានពានរបស់បរទេសជិតខាង។ ទន្ទឹមគ្នានេះ យើងក៏ឃើញមានចលនាជាតិនិយម សាមគ្គីភាពរបស់បងប្អូនប្រជាជនខ្មែរយើង ពីគ្រប់ស្រទាប់វណ្ណៈពួតដៃគ្នាជាធ្លុងមួយ តស៊ូ ពុះពាររួមគ្នាទទល់ប្រឆាំងនឹងឈ្លានពាន ដែលជាស្មារតីជាតិ ដ៏សំខាន់បង្ហាញទៅកាន់បរទេសដែលគិតចង់បំផ្លាញប្រជាជាតិខ្មែរ ឱ្យស្គាល់នូវ កម្លាំងសាមគ្គីជាតិខ្មែរ ដ៏មហិមា ពីគ្រប់ស្រទាប់វណ្ណៈ ពីគ្រប់ភូមិឋាន ពីគ្រប់ជ្រុងជ្រោយនៃកម្ពុជា។
កម្ពុជាជាប្រទេសដែលធ្លាប់ហែលឆ្លងសង្គ្រាមជាច្រើនទសវត្សរ៍ ដែលប្រជាជន ស្គាល់នូវទុក្ខលំបាក និងរសជាតិសង្គ្រាម ហើយតោងប្រាថ្នារួមរស់ដោយសុខសន្តិភាព ក៏ប៉ុន្តែស្មារតីជាតិខ្មែរ មិនដែលបាក់ខ្លបខ្លាចអំណាចជិះជាន់របស់ប្រទេសឈ្លានពានឡើយ បើយើងក្រឡេកតាមរយៈតឹកតាងប្រវត្តិសាស្ត្រ។ ស្របគ្នានេះ ថ្នាក់ដឹកនាំរបស់កម្ពុជា រួមនឹងកម្លាំងមហាជន បានរួមគ្នាជាធ្លុងមួយ តទល់នឹងអារិភាព និងការប្រមាថម៉ាក់ងាយរបស់បរទេស ប្រកបដោយភាពចាស់ទុំ និងភាពបម្រុងប្រយ័ត្ន ស្របតាមគោលការណ៍អន្តរជាតិ និងភាពជាអ្នកជិតខាងល្អ។
បទ ស្មារតីជាតិ នេះ យើងសូមឧទ្ទិសទៅដល់បុព្វបុរសខ្មែរ វីរជនខ្មែរ គ្រប់រូប ដែលបានតស៊ូលះបង់ការពារទឹកដី ការពារប្រយោជន៍កម្ពុជា ហើយក៏សូមឧទ្ទិសដល់កម្លាំងស្មារតីជាតិខ្មែរ ឱ្យគង់វង្សស្ថិតស្ថេរ ជានិរន្តរ៍ ដើម្បីថែរក្សាការពារប្រទេសនេះជាអមតៈតរៀងទៅ។

