top of page
Search

ស្វែងយល់ពីត្រីប៉ាវ៉ាមុខពីរ



ត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា Bangana Behri (Flower, 1937) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។

ត្រីប្រភេទនេះជាប្រភេទត្រីតិណាសីសត្វ (សត្វស៊ីបន្លែឬស្មៅជាអាហារ) ស្ថិតនៅក្នុងក្រុម «ឡាបេយូនីនី» (Tribe: LABEONINI) និងស្ថិតនៅក្នុងក្រុមរង «ឡាបីយូនេស» (Subtribe: LABEONES) ដែលរស់នៅតំបន់ទឹកជួរដែលមានថ្មរកេតរកូតនៅតំបន់ខាងលើទន្លេមេគង្គ ចាប់ពីតំបន់ល្បាក់ខោនព្រុំប្រទល់កម្ពុជា ឡាវ ខេត្តស្ទឹងត្រែង មកដល់តំបន់អន្លង់សាកង្កែបខេត្តក្រចេះ និងនៅតាមទន្លេសេកុង សេសាន ស្រែពក នឹងតាមស្ទឹង ព្រែក នៅតំបន់ខាងលើនេះ។ ត្រីនេះស្ទើរតែមិនដែលប្រទះឃើញសោះនៅក្រៅតំបន់ខាងលើនេះ។

ត្រីនេះក៏ជាប្រភេទត្រីរស់នៅទឹកថ្លាដូចត្រីប៉ាសេអ៊ីដែរ ដូច្នេះវាបង្ហាញខ្លួននៅក្នុងទន្លេមេគង្គភាគច្រើនតែនៅក្នុងរដូវប្រាំងនៅពេលដែលទឹកទន្លេមេគង្គប្រែពីល្អក់នៅរដូវវស្សា។

វាស៊ី សារ៉ាយ ស្លែ ហ្វីតូប្លង់តុង និងប៉េរីហ្វីតុង (ប្រភេទស្លែមានសារធាតុប្រូតេអ៊ីនខ្ពស់) ដែលដុះលើថ្មតំបន់ទឹកថ្លា)។

ដោយសារទម្លាប់រស់នៅរបស់វានៅតំបន់ទឹកថ្លាដែលសម្បូរទៅដោយ ស្លែប៉េរីហ្វីតុងនោះ ទើបសាច់វាមានរសជាតិឆ្ងាញ់។ ឯត្រីប៉ាវ៉ា ឬប៉ាវ៉ាមុខមួយ (Labeo erythropterus-ឡាប៊ីយូ អេរីស្រូបធ័រុស) ក៏នៅក្នុងក្រុម និងក្រុមរង ដូចត្រីប៉ាវ៉ាមុខពីរដែរ តែពួក (Genus) និងប្រភេទ (species) ខុសគ្នា។ កន្លែងរស់នៅនិងការស៊ីចំណី ក៏ប្រហាក់ប្រហែលត្រីប៉ាវ៉ាមុខពីរដែរ តែក៏ធ្លាប់ប្រទះឃើញម្តងម្កាល នៅតំបន់ទឹកល្អក់ដូចជានៅក្នុងបឹងទន្លេសាប និងតំបន់ផ្សេងទៀតនៃទន្លេមេគង្គដែរ។ រសជាតិសាច់វា មិនឆ្ងាញ់ជាងត្រីប៉ាវ៉ាមុខពីរឡើយ។

ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក ខុសពីត្រីប៉ាវ៉ាមុខមួយ ពួកវាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។

ត្រីប្រភេទនេះអាចមានពណ៌ខុសៗគ្នាទៅតាម ទីកន្លែងនិងជម្រៅទឹកដែលវារស់នៅផ្ទាល់ ចំណែករសជាតិរបស់វាបង្កប់នៅក្នុងសាច់ បើកាលណាត្រីកាន់តែធំ សាច់របស់វាកាន់តែស្វិតល្អ ហើយមានរសជាតិឆ្ងាញ់លើសពីសាច់មាន់ស្ងោរទៅទៀត ។

ត្រីប៉ាវ៉ាទាំងនេះ ជាទូទៅវាចរាចរណ៌ចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ហើយអាចហែលឆ្លងទៅប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគ ឦសាននៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពង-កូននៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និង ខែសីហា ។

ទំហំដែលធ្លាប់នេសាទបាននៅតំបន់ទឹកជួរក្នុងខេត្តស្ទឹងត្រែងមានរហូតដល់ ១៨ ទៅ ២០គក្រ ដែលមានប្រវែង ៩០ ទៅ ១០០ សង្ទីមែត្រ។ ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ ថាជាប្រភេទត្រីរងគ្រោះ។ ការប្រឈមដ៏ចម្បងរបស់វាគឺការប្រើប្រាស់ឧបករណ៍នេសាទដូចជាមងជាដើម សម្រាប់ចាប់ពួកវា ក្នុងរដូវត្រីពង និង ពេលវាផ្លាស់ទីដើម្បីរកចំណី កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំណើក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ គឺជាហេតុជះឥទ្ធិពលអវិជ្ជមានដល់ត្រីប្រភេទនេះ នៅអំឡុងពេលវាធ្វើចរាចរ ។

 
 
 

Kommentare


  • Facebook
  • Youtube
  • TikTok
  • Telegram

រក្សាសិទ្ធគ្រប់បែបយ៉ាង ២០២៤

bottom of page